គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) ចុះវាយតម្លៃនៅទីតាំងដើម្បីស្វែងរកអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ


ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការត្រួតពិនិត្យកិច្ចការទូទៅ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. និងក្រុមការងារលេខាធិការនៃគ.វ.ជ. ចុះអនុវត្តដំណើរការវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពសាលាបឋមសិក្សា តាមបណ្តាខេត្តនានា។ ក្នុងដំណើរការវាយតម្លៃនេះ មានការចូលរួមដោយ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអភិបាល នៃគណៈអភិបាលក្រុង ស្រុក តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងរដ្ឋបាលឃុំ-សង្កាត់ នាយក នាយករង-នាយិការង លោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។


ការវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពសាលាបឋមសិក្សាខាងលើ ក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសាកសួរព័ត៌មានពីភាគីពាក់ព័ន្ធ និងវាយតម្លៃដាក់ពិន្ទុនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាព ដោយមានការបែងចែកជាក្រុមគោលដៅដើម្បីធ្វើការវាយតម្លៃដោយផ្ដោតលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ ១.ស្ដង់ដាសេវាសាធារណៈ ២.និយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥.ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍ និង៨.ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។


ជាលទ្ធផល គណៈប្រតិភូ និងសមាសភាពគ្រប់ភាគីដែលបានចូលរួមក្នុងដំណើរការវាយតម្លៃនេះ បានសហការគ្នាយ៉ាងល្អប្រសើរ ដែលនាំឱ្យដំណើរការវាយតម្លៃបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយនិងស្និទស្នាលបំផុត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១