ក្រសួងមុខងារសាធារណៈធ្វើពិធីក្រុងពាលីបើកការដ្ឋានជួសជុល និងកែលម្អបរិវេណទីធ្លាក្រសួងឱ្យកាន់តែល្អប្រសើរ


នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុល និងកែលម្អបរិវេណទីធ្លា ដើម្បីបង្កើនសោភ័ណភាពក្រសួងមុខងារសាធារណៈឱ្យបានកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត។


ពិធីនេះ បានប្រារព្ធធ្វើឡើង នៅបរិវេណទីធ្លាក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃទីស្តីការក្រសួងមុខងារសាធារណៈ។


ចាប់ផ្តើមកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីបានថ្វាយគ្រឿងសក្ការៈ បូជាទៀន ផ្កា ទឹកអប់ និងធូប ដល់ទេវរូប មានព្រះគិណេស និងព្រះបាទជ័យវរ្ម័នទី៧។ បន្ទាប់មក ពិធីបួងសួងក្រុងពាលីបានចាប់ផ្តើម អមដោយការថ្វាយភ្លេងពិណពាទ្យចំនួន ៧បទ ផ្សាយមេត្តា និងឧទ្ទិសផល។ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញដាក់ថ្ម ផ្កា និងទឹក បញ្ចុះគ្រឹះព្រះភូមិ ព្រមទាំងប្រសិទ្ធពរជ័យជូនឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១