ឯកឧត្តម គង់ សុវត្ថិភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ការអនុវត្តនីតិវិធីបំពេញសលាកប័ត្រព័ត៌មានមន្រ្តីរាជការស៊ីវិល របស់មន្ត្រីរាជការក្របខ័ណ្ឌថ្មីដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ជាមួយមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ទាំង២៥


កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនៃទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុវត្ថិភាព អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ការអនុវត្តនីតិវិធីបំពេញសលាកប័ត្រព័ត៌មានមន្រ្តីរាជការស៊ីវិល របស់មន្ត្រីរាជការក្របខ័ណ្ឌថ្មីដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ដោយមានការចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរមុខងារសាធារណៈ ២៥ រាជធានី-ខេត្ត សរុបចំនួនប្រមាណជិត ៧០នាក់។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សុវត្ថិភាព បានធ្វើកិច្ចស្វាគមន៍បើកអង្គប្រជុំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំនេះ បន្ទាប់មក ឯកឧត្តមប្រធាន បានអនុញ្ញាតឱ្យប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធពីររូប ធ្វើបទបង្ហាញរបាយការណ៍ការអនុវត្តការងារ និងសេចក្ដីណែនាំពាក់ព័ន្ធ ស្តីពី “គោលការណ៍ បែបបទ និងនីតិវិធីការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសំណើសុំកិច្ចសម្របសម្រួលការងារត្រួតពិនិត្យលើសលាកប័ត្រព័ត៌មានមន្ត្រីរាជការសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មី របស់ក្រសួងមុខងារសាធារណ:” ព្រមទាំងមានការចូលរួមមតិយោបល់ លើការអនុវត្តការងារជាក់ស្តែងពីលោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ផងដែរ។


ក្រោយពីបានស្ដាប់នូវការសង្ខេបរបាយការណ៍ និងការលើកឡើងរបស់អង្គប្រជុំ ឯកឧត្តមប្រធាន បានកត់សម្គាល់ និងបូកសរុបខ្លឹមសារនៃកិច្ចពិភាក្សា និងបានផ្តាំផ្ញើឱ្យមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ ដែលជាសេនាធិការក្រសួងមុខងារសាធារណៈថ្នាក់ក្រោមជាតិ ដោយជំរុញការផ្សព្វផ្សាយ និងខិតខំអនុវត្តតាមសេចក្តីសម្រេចរបស់អង្គប្រជុំដូចជា៖ ការបន្តការអនុវត្តសេចក្ដីណែនាំ លិខិតដែលមានស្រាប់ និងមានការកែសម្រួលលើខ្លឹមសារក្របក្រៅសលាកប័ត្រ និងផ្នែកខាងក្នុងសលាកប័ត្រសម្រាប់ថ្នាក់ក្រោមជាតិដើម្បីមានភាពល្អប្រសើរក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការចូលរួមឱ្យគ្រប់ៗរូបប្រកបដោយឆន្ទៈខ្ពស់ក្នុងការបំពេញការងារ និងយល់ច្បាស់ពីបញ្ហាប្រឈមដែលអាចជួបប្រទះ ជាពិសេសដើម្បីសម្រេចចក្ខុវិស័យលើការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១