សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីលទ្ធផលការងារក្នុងដំណាក់កាល ៦ខែដំបូង​ រួមបញ្ចូលទាំងការអនុវត្តគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការអនុវត្តភ្លាមនៅឆ្នាំ២០២៣ និងវិធានគន្លឹះទាំង៥

តាមរយៈ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីលទ្ធផលការងារក្នុងដំណាក់កាល ៦ខែដំបូង រួមបញ្ចូលទាំងការអនុវត្តគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការអនុវត្តភ្លាមនៅឆ្នាំ២០២៣ និងវិធានគន្លឹះទាំង៥ ដើម្បីជំរុញបន្ថែមល្បឿនលើការងារកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័ន រឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងមានសមិទ្ធកម្មជាក់លាក់។

ជុំវិញការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ មានមោទនភាពក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ចូលរួមសម្រេចបានការងារជាអាទិភាពជាច្រើនរួមមាន៖ (១)ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០នាក់ តាមរយៈការប្រឡងប្រជែងឈរគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២) ការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) ស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានអនុវត្តសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួងស្ថាប័ននានា (៣) ការងារពិនិត្យ និងវិភាគមុខងារក្រសួង ស្ថាប័ន (៤) ការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម (៥) ការរៀបចំសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ រួមជាមួយការងារដទៃផ្សេងទៀតក្នុងនាមជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទំរង់រដ្ឋបាលសាធារណៈ (គ.ក.ស.) និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១