ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី


នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចំនួន ៤០នាក់។


ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ និងជំនួសមុខឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំប្រសាសន៍បណ្តាំផ្ញើសាកសួរសុខទុក្ខ និងពាក្យពេចន៍អបអរសាទរដល់ប្អូនៗទាំងអស់ដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស ដែលសម្តេចទាំង ៣ តែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខសិស្ស និស្សិតគ្រប់រូប ដែលលោកតែងចាត់ទុកពួកគេជាធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ។


ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានឆ្លងកាត់។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា និងមាននាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជាផងដែរ ជាពិសេសត្រូវថែរក្សាសុខភាព និងចេះជួយយកអាសារគ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១