គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំប្រជុំត្រៀមលក្ខណៈសម្រាប់ការរៀបចំដំណើរការប្រឡងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខ


នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ ខៀវ ច័ន្ទប៊ុនធឿន បានរៀបចំការប្រជុំពិភាក្សាកម្រិតបច្ចេកទេសពាក់ព័ន្ធនឹងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់សម័យប្រឡង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខ។


កិច្ចប្រជុំពិភាក្សានេះ គឺបានពិនិត្យវឌ្ឍនភាពការងាររៀបចំ និងរៀបចំផែនការការងារបន្តសម្រាប់ដំណើរការសំណេរ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ដំណើរការកំណែនិងដំណើរការបន្ទាប់ទៀត។


ក្រោយពីការពិភាក្សាប្តូរយោបល់រួចមក កិច្ចប្រជុំបានកំណត់នូវផែនការការងារមួយច្បាស់លាស់ពាក់ព័ន្ធនឹងការរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង បេក្ខជន សន្តិសុខមណ្ឌលប្រឡង និងយន្តការចាំបាច់ផ្សេងៗទៀត ដើម្បីធានាបាននូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឆ្លើយតបគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រីសមាជិកនៃគណៈកម្មការប្រឡង ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក នាយករងសាលាភូមិន្ទរដ្ឋបាល អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ សរុបអ្នកចូលរួមប្រមាណ ៤០នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១