កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន ចាប់ផ្តើមព្រឹកនេះ​


នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជកាស៊ីវិល ៣ក្រសួង ស្ថាប័ន នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។ កម្មវិធីព្រឹកនេះមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័ន ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មានជាច្រើនរូប។


ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែបញ្ចប់(រយៈពេលបីថ្ងៃជាប់គ្នា ពីថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០២៤) ដោយសម្ងាត់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិនិងស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។


សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានបែងចែកសន្លឹកកិច្ចការតាមបន្ទប់ផ្សេងៗគ្នា សម្រាប់កំណែវិញ្ញសាទាំង៣ ក្រសួង ស្ថាប័ន នេះ ដោយបានកំណត់ពេលវេលាកំណែសន្លឹកកិច្ចការ ចន្លោះពេលមួយសប្តាហ៍៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១