ឯកឧត្ដម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Morishita Taishi អ្នកតំណាង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICE) ប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Morishita Taishi អ្នកតំណាង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្ដរជាតិជប៉ុន(JICE)ប្រចាំកម្ពុជាព្រមទាំងសហការី នៅទីស្តីការក្រសួងមុខងារសាធារណៈក្នុងគោលបំណងសំខាន់ពីរធំៗ៖ ១)លោក Morishita Taishi មានបំណងចង់ជម្រាបជូនឯកឧត្ដម ឌុច ដារិន្ទ ឱ្យបានជ្រាបទាក់ទងនឹងនិតិវិធីនៃគម្រោងអាហារូករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង ២)លោក Morishita Taishi ចង់ជម្រាបជូន ឯកឧត្តមអនុរដ្ឋលេខាធិការ អំពីសមាសភាពសាស្រ្ដាចារ្យនៃសកលវិទ្យាល័យជប៉ុនដ៏ល្បីល្បាញដែលនឹងត្រូវត្រៀមធ្វើការសម្ភាសបេក្ខជនអនុបណ្ឌិតដែលជាមន្រ្តីរាជការវ័យក្មេងរបស់កម្ពុជាព្រមទាំងស្នើសុំ ឯកឧត្ដមអនុរដ្ឋលេខាធិការ ដើម្បីពិនិត្យលទ្ធភាពក្នុងកិច្ចសហការតាមរយះការធ្វើបទបង្ហាញជូនសាស្រ្តាចារជប៉ុន។
ថ្លែងក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្ដម ឌុច ដារិន្ទ បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការកន្លង មករវាងមជ្ឈមណ្ឌល JICE ជាមួយនឹងក្រសួងមុខងារសាធារណៈដែលក្នុងនោះ JICE បានជួយសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងវិស័យមុខងារសាធារណៈនៅប្រទេសជប៉ុនជូនមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈនិងបានថ្លែងអំណរគុណមជ្ឈមណ្ឌលសហប្រតិបត្តិការអន្ដរជាតិជប៉ុនដែលតែងតែយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការវ័យក្មេងកម្ពុជា ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុននៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានថ្លែងសេចក្តីសោមនស្សរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយ JICE និងសាស្រ្តាចារជប៉ុនដែលមកពីសកលវិទ្យាល័យដ៏ល្បីល្បាញតាមរយះការធ្វើបទបង្ហាញដែលជាបច្ច័យជំនួយស្មារតីជូនសាស្រ្តចារ្យជប៉ុនក្នុងកិច្ចការជ្រើសរើសមន្រ្តីរាជការវ័យក្មេងកម្ពុជាដោយប្រកាន់ភ្ជាប់នៅគោលការណ៍គុណាធិបតេយ្យដើម្បីបន្តការសិក្សានៅជប៉ុន។
គួររំលឹកផងដែរថាបច្ចុប្បន្នគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ត្រូវបានផ្តល់ជូនដល់ប្រទេសចំនួន១៩ ដែលក្នុងនោះកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទទួលអាហារូបករណ៍យូរជាងគេលំដាប់ទីពីរ សព្វថ្ងៃនេះមានមន្រ្ដីរាជការកម្ពុជាប្រមាណជាង ៥០០នាក់បានទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោង JDS៕