ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបសម្ដែងការគួរសម


តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំដែងការគួរសម និងសំណេះសំណាល ពីឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។


ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសតាមរយៈជំនួបទស្សនកិច្ចផ្លូវការកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិតរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានរំលេចនូវលទ្ធផលសំខាន់ៗមួយចំនួនដែលជាសមិទ្ធផលពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក្រោមការដឹកនាំក្នុងដំណាក់កាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការយល់ច្បាស់ពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឡាវ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ក្របខណ្ឌទាំងផ្នែកនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១