ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាផ្នែកមួយសបង្ហាញពីឧត្តមភាពនៃមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាផ្នែកមួយនៃការបង្ហាញពីឧត្តមភាពនៃមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីនីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ នៅក្នុងពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ នៅសាលមហោស្រពនៃមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។


ជុំវិញការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានានៃការអនុវត្តការងាររបស់មន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅបម្រើជាតិ និងប្រជាជន និងដើម្បីបង្ហាញពីឧត្តមភាពរបស់មន្ត្រីរាជការផង ព្រមទាំងអាចបង្កើននូវភាពជាគំរូ ដល់មន្ត្រីដទៃផ្សេងទៀតផងដែរ។


សូមបញ្ជាក់ថា ពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១