ក្រសួងមុខងារសាធារណៈ ដង្ហែអង្គកឋិនទានទៅកាន់វត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង


(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានដឹកនាំអង្គកឋិនទានដង្ហែទៅកាន់វត្តក្តីកណ្តាល ស្ថិតក្នុងភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយប្រមូលបច្ច័យសរុបចំនួន ៣៥០លានរៀល ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅទីវត្តនោះ។


ការរៀបចំអង្គកឋិនទានដែលជាកំលាំងសាមគ្គីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជាមន្ត្រីរាជការ និងប្រជាពលរដ្ឋសប្បុរសជននៅរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តដទៃទៀត តាមរយៈស្ថាប័ននានា និងមន្ទីរមុខងារសាធារណៈតាមរាជធានី-ខេត្តផងដែរ។ អង្គកឋិនទានត្រូវបានដង្ហែពីទីស្តីការក្រសួងមុខងារសាធារណៈទៅកាន់វត្តក្តីកណ្តាល ក្នុងក្រុងព្រៃវែង ដែលមានការរៀបចំដង្ហែយ៉ាងអធិកអធមក្រៃលែង ដោយការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទ មន្រ្តីរាជការ និងក្រុមញាតិគ្រួសាររបស់អ្នកផ្តើមបុណ្យ ហើយដង្ហែប្រទក្សិណជុំវិញព្រះវិហារវត្តកីកណ្តាលតាមកិច្ចនៃការប្រារព្ធទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។


ក្នុងឱកាសដ៏សែនរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងអំណរគុណទៅកាន់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានថា៖ ក្នុងអំឡុងពេល២៩ថ្ងៃ នៃរដូវកាលបុណ្យកឋិនទាន ដែលបានចាប់ផ្តើមពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិត ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធពិធីបុណ្យកឋិនទានប្រពៃណីពុទ្ធសាសនា ប្រមូលបានបច្ច័យកសាងសមិទ្ធផលទ្រទ្រង់ព្រះពុទ្ធសាសនា។ ការរួបរួមគ្នាដោយសទ្ធាជ្រះថ្លាជាកំលាំងសាមគ្គីក្នុងពិធីបុណ្យកឋិនទានទាំងអស់នេះ សបញ្ជាក់នូវជំនឿរឹងមាំរបស់ប្រជាជនយើងចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។


ម៉្យាងទៀត សាមគ្គីភាពនេះក៏ជាការចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាថែមទៀត របស់ប្រជាជនយើង បន្តគាំទ្ររាជរដ្ឋាភិបាលក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លានិងភ្លឺស្វាងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិឱ្យកាន់តែរីកចម្រើនគ្រប់វិស័យ សំដៅពង្រឹងបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិយើងជារៀងដរាបតទៅ។


បន្ទាប់ពីពិធីវេរអង្គកឋិន និងបច្ច័យកសាងវត្តចំនួនសរុប៣៥០ លានរៀលប្រគេនដល់ព្រះសង្ឃក្នុងព្រះវិហារតាមពុទ្ធវិន័យរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ព្រុំ សុន ក្តីកណ្តាល និងបានផ្តល់ជូននូវសម្ភារសិក្សា និងថវិកាមួយចំនួនផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១