នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងឈានចូលមកដល់


នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិស នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើការណែនាំតួនាទី ភារកិច្ច របស់គណៈមេប្រយោគ និងអនុគណៈកម្មការនានា ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការ គណៈមេប្រយោគ និងអនុគណៈកម្មការនានា សរុបចំនួនប្រមាណ ៣០០នាក់។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រី គឺដាក់លើតុជូនសាធារណជន មើល និងតាមដានដោយផ្ទាល់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដែលធានាតម្លាភាព យុត្តិធម៌ និងផ្តល់ឱកាសឱ្យបានស្មើៗគ្នា ដែលបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ គឺប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី ឱ្យក្លាយទៅជាការពិត និងផ្តល់ឱកាសជូនដល់បេក្ខជន បេក្ខនារី ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មិនចាំបាច់ស្គាល់អ្នកធំ មិនចាំបាច់មានខ្សែ តែចាំបាច់ត្រូវមានសមត្ថភាព។


សូមបញ្ជាក់ដែរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ត្រូវផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព នឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេក្ខភាពចំនួន ១,៨៩២នាក់ (ស្រី ៥៧៩នាក់) ព្រមទាំងមានអ្នកសង្កេតការណ៍សរុប ចំនួន១៦១រូប៖ ១-មហាជនបានចុះឈ្មោះជាអ្នកសង្កេតការណ៍ ៤៤រូប ២-អ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ ១០រូប ៣-អ្នកសង្កេតការណ៍ សសយក ២០រូប និង ៤-អ្នកសង្កេតការណ៍ ACU ៨៧រូប៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១