ក្រសួងមុខងារសាធារណៈ រៀបចំពិធីបើកកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍តាមប្រព័ន្ធអនឡាញស្តីពី «ការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ»


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈបានរៀបចំ ពិធីបើកកម្មវិធីចែករំលែកចំណេះដឹង និង បទពិសោធន៍តាមប្រព័ន្ធអនឡាញ ស្តីពី «ការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយមានសម្របសម្រួលពីអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ និងមានអ្នកចូលរួមសរុបប្រមាណ ២០៨នាក់ ក្នុងនោះស្រ្តីចំនួន ៥៨នាក់ ដែលមកពីគ្រប់អង្គភាពនៅទីស្តីការក្រសួងមុខងារសាធារណៈ និងគ្រប់មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត។


គួរបញ្ជាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពីរសំខាន់៖

ទី១.បង្កើតជាវេទិកាសម្រាប់ឱ្យគ្រប់ អគ្គនាយកដ្ឋាន សាលាភូមិន្ទរដ្ឋបាល អគ្គាធិការដ្ឋាន និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ចែករំលែក ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ នឹងការដឹកនាំ គ្រប់គ្រងអង្គភាពរបស់ខ្លួន ដល់សិក្ខាកាម ដែលបានចូលរួម ក្នុងកម្មវិធីនេះ។

ទី២.ផ្ដល់ឱកាសដល់សិក្ខាកាមបានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៏ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងត្រៀមខ្លួនចូលរួមអនុវត្តការងារតាមអង្គភាពរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១