ក្រសួងមុខងារសាធារណៈ រៀបចំពិធីបិទសិក្ខាសាលាអនឡាញស្តីពី «ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ សម្រាប់មន្រ្តីស៊ីវិលកម្ពុជា»


(ភ្នំពេញ)៖ ក្រោមក្របខណ្ឌ Chinese Bilateral Aid Training Program ប្រចាំឆ្នាំ២០២២ រវាងក្រសួងមុខងារសាធារណៈ រួមជាមួយស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានរៀបចំពិធីបិទសិក្ខាសាលាអនឡាញ ស្តីពី «ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈសម្រាប់មន្រ្តីស៊ីវិលកម្ពុជា» ដើម្បីជួយអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ឱ្យទទួលបាននូវបទពិសោធន៍ល្អៗ និងឧត្តមានុវត្តន៍ថ្មីៗ អំពីការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈប្រទេសចិន។


ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ហួត ស៊ីនាថ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈកម្ពុជា និង ឯកឧត្តម XU Wei អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ របស់ទីភ្នាក់ងារអភិវឌ្ឍ សហប្រតិបត្តិការអន្តរជាតិចិន ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ព្រមទាំងសិក្ខាកាមជាមន្រ្តី រាជការនៃក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមប្រមាណ ៣៥នាក់។


សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី២៣ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលបច្ចេកទេសពី Academy for International Business Officials (AIBO) នៃក្រសួងពាណិជ្ជកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១