ក្រសួងមុខងារសាធារណៈប្រជុំរៀបចំប្រមូលធាតុចូលរបស់វិស័យមុខងារសាធារណៈសម្រាប់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨
កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០២៤-២០២៨ (ផ.យ.អ.ជ) បានដឹកនាំកិច្ចប្រជុំអង្គភាពក្រោមឱវាទក្រសួង ដើម្បីពិនិត្យនិងធ្វើបច្ចុប្បន្នភាពធាតុចូលឡើងវិញសម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ)។
កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣គឺ៖ (១)សាវតារនៃការរៀបចំធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (២)ខ្លឹមសារនៃធាតុចូលរបស់ក្រសួងមុខងារសាធារណៈ ដែលត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (៣)ឯកសារយោងសំរាប់ពិនិត្យ និងផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពធាតុចូល។
ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានតម្រង់ទិសការពិភាក្សា និងគូសបញ្ជាក់ជូនអង្គភាពជំនាញឱ្យពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពលើផ្នែកសំខាន់ៗមួយចំនួនដូចជា៖ ១-ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ២-ការពង្រឹងអភិបាលកិច្ចមុខងារសាធារណៈ ៣-ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ៤-ការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និង៥-ខ្លឹមសារសម្រាប់កំណត់ជាធាតុចូលនៃគោលនយោបាយ និងសកម្មភាពអាទិភាព២០២៤-២០២៨ នៅក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ និងក្នុងបញ្ចកោណទី៥ដែលចែងអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ជាមួយគ្នានោះ ឯកឧត្តមប្រធានបានស្នើឱ្យអង្គភាពជំនាញនីមួយៗផ្តល់ព័ត៌មានដែលបានបច្ចុប្បន្នភាពធាតុចូលរួចហើយ មកឱ្យក្រុមការងារសម្របសម្រួលនៃនាយកដ្ឋានផែនការ នៅត្រឹមថ្ងៃសុក្រទី១២ ខែមករាសប្តាហ៍ក្រោយ ដើម្បីទុកពេលជូននាយកដ្ឋានជំនាញធ្វើការបូកសរុប រាយការណ៍ និងឆ្លងការពិនិត្យសម្រេចពីថ្នាក់ដឹកនាំ មុននឹងបញ្ជូនទៅក្រសួងផែនការតាមកាលកំណត់។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការក្នុងការអនុវត្តការងារនាពេលកន្លងមកប្រកបដោយសាមគ្គីភាព យោគយល់ ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចសមិទ្ធផលបន្ថែមទៀតស្របតាមចក្ខុវិស័យរបស់ក្រសួង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការទទួលបន្ទុក ថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួន ២៥នាក់៕