ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨ រូប
ថ្លែងប្រសាសន៍នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្ត ចំពោះឯកឧត្តម ឱ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នា ជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន និងដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ ឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ ដល់ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ រួមទាំងក្រុមការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងតាមការចាត់តាំងរបស់ប្រធានក្រុមការងារនៃបណ្តាថ្នាក់។ ជាមួយនេះ សូមគ្រប់មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត ចូលរួមសហការចាត់តាំងមន្ត្រីជំនាញ ដើម្បីចូលរួមជាមួយក្រុមការងារឱ្យបានទៀតទាត់ តាមការស្នើសុំ ឬអញ្ជើញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សូមជម្រាបជូនដែរថា ពិធីចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន ១៨៨ រូប ក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារ អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក អធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក មេឃញ្ញាការ នៃបញ្ហាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបសមាសភាពចូលរួមប្រមាណ ៣៨០ រូប នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣៕