សិក្ខាកាមជាន់ខ្ពស់ របស់សាលាភូមិន្ទរដ្ឋបាលធ្វើទស្សនកិច្ចសិក្សា អង្គភាពច្រកចេញចូលតែមួយ នៃសាលារាជធានីភ្នំពេញ


នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សិក្ខាកាមជាន់ខ្ពស់ក្រុមទី២ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សាលាភូមិន្ទរដ្ឋបាលចំនួន៩៧នាក់ ដឹកនាំដោយឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល ចូលទស្សនកិច្ចសិក្សានៅអង្គភាពច្រកចេញចូលតែមួយ នៃសាលារាជធានីភ្នំពេញ។ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើមតិស្វាគមន៍ និងធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ អង្គភាពច្រកចេញចូលតែមួយ សាលារាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលរង បានពន្យល់ន័យនៃពាក្យ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ យ៉ាងក្បោះក្បាយ ព្រមទាំងបានបញ្ជាក់បន្ថែមថា បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះ ទៅប្រើប្រាស់ឱ្យខុសគោលដៅ។


ឯកឧត្តម សូលី វណ្ណប៉ុក បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរង ដែលបានអនុញ្ញាត និងទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាម និងបានបញ្ជាក់ថាការចុះទស្សនកិច្ចសិក្សានេះ គឺភ្ជាប់ទ្រឹស្ដី និងការអនុវត្តការងារជាក់ស្ដែងក្នុងការផ្តល់សេវា ស្របជាមួយគោលដៅនៃវគ្គសិក្សា ដែលចង់ឱ្យសិក្ខាកាមបង្កើនសមត្ថភាពបំពេញការងារ ពិសោធន៍ចំណេះដឹង និងវិធីសាស្ត្រអនុវត្តការងារថ្មីៗ យល់ដឹងពីភាពជាអ្នកដឹកនាំ ក្នុងការផ្តល់សេវាសាធារណៈ ឥរិយាបថរបស់មន្ត្រី ក្នុងការបម្រើសេវាសាធារណៈ កិច្ចសហការគ្នាក្នុងការងារ និងការដោះស្រាយបញ្ហានានា នៅក្នុងការផ្តល់សេវា ក៏ដូចជាយល់ដឹងពីវិធីដោះស្រាយ ឆ្លើយតបទៅនិងបញ្ហា ដែលកើតមាននៅក្នុងសា្ថប័ន និងអង្គភាពរបស់ខ្លួន។


សូមបញ្ជាក់ផងដែរ សិក្ខាកាមជាន់ខ្ពស់ទាំងអស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សា ទៅកាន់ស្ថាប័នចំនួន២ រួមមាន៖ សិក្ខាកាមចំនួន១០០នាក់ ធ្វើទស្សនកិច្ចសិក្សា នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩៧នាក់ អញ្ជើញមកទស្សនកិច្ច នៅអង្គភាពច្រកចេញចូលតែមួយរាជ នៃរដ្ឋ នៃសាលាធានីភ្នំពេញនេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១