ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌការដ្ឋានកែទម្រង់ ៣ បូក ១


នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេស តំណាងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌការដ្ឋានកែទម្រង់ ៣ បូក ១ នៅសាលប្រជុំក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គលេខាធិការដ្ឋាន អ.គ.ហ ពិភាក្សាទៅលើការងារបច្ចេកទេសរួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកែទម្រង់តាមការដ្ឋាននីមួយៗសម្រាប់ ឆ្នាំ២០២៣ និងត្រៀមរៀបចំផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២៤។


លទ្ធផលរួមនៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌការដ្ឋានកែទម្រង់ ៣ បូក ១ បានឯកភាពលើខ្លឹមសារសំខាន់ៗ ចំនួនបីរួមមាន៖

១) ការធ្វើបច្ចប្បន្នកម្មនៃផែនការសកម្មភាពសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ សម្រាប់ឆ្នាំ២០២៤

២) ការរៀបចំវិបស្សនារួមគ្នានៃការដ្ឋានកែទម្រង់ ៣ បូក ១ និងការរៀបចំធ្វើទស្សនកិច្ចរួមគ្នានៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅត្រីមាសទី១ ឆ្នាំ២០២៤ និង

៣)ការគ្រោងរៀបចំការផ្សព្វផ្សាយឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ ក្នុងក្របខណ្ឌក្រសួង ស្ថាប័នសាមី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១