ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ឧបត្ថម្ភថវិកា ១០០ ដុល្លារដល់លោកតា ហាក់ ស៊ាងឡាយ ដែលបានជិះម៉ូតូដោយខ្លួនឯងពីខេត្តក្រចេះ មកមើលការប្រកួតកីឡាស៊ីហ្គេម


(រាជធានីភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានសទ្ធាជ្រះថ្លាឧបត្ថម្ភថវិកា ១០០ ដុល្លារអាមេរិក ជូនដល់លោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ឆ្នាំ ដែលបានជិះម៉ូតូដោយខ្លួនឯងនិងតែម្នាក់ឯងពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៊ីហ្គេម កីឡាអុកចត្រង្គ ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។


ថវិកានេះ ត្រូវបានក្រុមការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី យកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់លោកតា ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈក្រុមការងារថា នៅក្នុងឱកាសបុណ្យវិសាខបូជា ថ្ងៃ១៥កើតនេះ ឯកឧត្តមពិតជាមានចិត្តរំភើប និងនឹកស្រណោះដល់ឪពុករបស់ឯឧត្តមបន្ទាប់ពីបានឃើញសារព័ត៌មានហ្វ្រេសញូ (Fresh News) ចុះផ្សាយពីលោកតា ហាក់ ស៊ាងឡាយ អាយុ ៨៦ឆ្នាំ ដែលជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៊ីហ្គេម កីឡាអុកចត្រង្គ នៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តឱ្យដឹងថា ឯកឧត្តមរំភើប និងនឹកស្រណោះដល់ឪពុករបស់ឯកឧត្តម គឺឧបាសក ព្រុំ សុន ដែលបានទទួលមរណភាពតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១០ នៅក្នុងជន្មាយុ ៨០ឆ្នាំ។ ប្រសិនបើឪពុករបស់ឯកឧត្តម នៅមានជន្មាយុយឺនយូរមកដល់ថ្ងៃនេះ ដែលជាថ្ងៃបុណ្យវិសាខបូជាទៀតនោះ ម៉្លេះសមឧបាសក ព្រុំ សុន ពិតជាមានឱកាសមកទស្សនាការប្រកួតកីឡាស៊ីហ្គេមដូចលោកតា ហាក់ ស៊ាងឡាយ ជាក់ជាមិនខាន។


ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរចំពោះបុណ្យកុសលរបស់លោកតា ហាក់ ស៊ាងឡាយ ដែលមានអាយុវែង និងមានសុខភាពល្អអាចជិះម៉ូតូដោយខ្លួនឯងក្នុងចំងាយផ្លូវយ៉ាងវែងធ្វើដំណើរមកពីខេត្តក្រចេះ។ ហេតុនេះហើយ ទើបឯកឧត្តមមានសទ្ធាជ្រះថ្លា ឧបត្ថម្ភថវិកាចំនួន ១០០ ដុល្លារ អាមេរិកជូនលោកតា ដើម្បីធ្វើសោហ៊ុយពេលត្រឡប់ទៅផ្ទះវិញ។


បន្ទាប់ពីទទួលបានថវិការួច លោកតា ហាក់ ស៊ាងឡាយ ដែលនិយមចូលចិត្តលេងអុកចត្រង្គ ហើយដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិរំដួល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ឱ្យតាមបីបាច់ថែរក្សាឯឧត្តមរដ្ឋមន្ត្រី និងភរិយា ព្រមទាំងបុត្រធីតា និងចៅៗ ឱ្យជួបប្រទះនូវ ព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១