ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលសមត្ថភាពមន្ត្រីស្តីពីការងារនីតិវិធីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ


នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” និងផ្តល់អនុសាសន៍ជូនសិក្ខាកាម ចំនួន៣២រូប ក្រោយបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ។


ក្នុងពិធីបិទនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា សិក្ខាសាលាដែលបានរៀបចំនាពេលនេះ ជាការឆ្លើយតបតាមសំណូមពររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ឯកឧត្ដមលើកឡើងដូច្នេះ ដោយបញ្ជាក់ថាថ្នាក់ដឹកនាំក្រសួង មានឆន្ទៈ និងគាំទ្រការងារបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីរាជការ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ ជាប្រចាំ និងជាបន្តបន្ទាប់ ដ្បិតថានេះជាផ្នែកមួយនៃការឆ្លើយតបការងារកែទម្រង់រដ្ឋបាលសាធារណៈផង ហើយមន្ត្រីអនុវត្តការងារក៏ទទួលបានចំណេះ ជំនាញថ្មីៗបន្ថែមសម្រាប់ការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពផង។


ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានរៀនសូត្រចេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែល្អថែមទៀតដើម្បីបម្រើជាតិមាតុភូមិតាមរយៈសមិទ្ធកម្មការងារប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមក៏បានរម្លឹកថា មន្ត្រីជំនាញត្រូវប្រមូលព័ត៌មានជាក់ស្ដែង ត្រឹមត្រូវច្បាស់លាស់ ឯករាជ្យ តម្លាភាព ទាន់ពេលវេលា និងជឿទុកចិត្តបានដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំធ្វើការសម្រេចចិត្តបានត្រឹមត្រូវនិងទាន់ពេលវេលា៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១