រដ្ឋមន្ត្រី ព្រុំ សុខា ថ្លែងអំណរគុណភ្ញៀវកិត្តិយសនិងបងប្អូនញាតិមិត្តជិតឆ្ងាយដែលបានចូលរួមពិធីបុណ្យសពឧបាសក ចាន់ ជី ដែលត្រូវជាឪពុកចិញ្ចឹមរបស់ឯកឧត្តម


(រាជធានីភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខ និងបានចូលរួមក្នុងពិធីបុណ្យសពឧបាសក ចាន់ ជី ត្រូវជាឪពុកចិញ្ចឹមរបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១:៤០ នាទី ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។


ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមញាតិគ្រួសារ ចាត់ទុកការចូលរួមដោយសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យសពលោកឧបាសក ចាន់ ជី ដែលបានរៀបចំប្រារព្ធធ្វើយ៉ាងអធិកអធម សមរម្យតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាការចូលរួមចែករំលែកទុក្ខសោកក្រៀមក្រំយ៉ាងស្មោះសបំផុត ជាមួយគ្រួសារសព។


ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ ថ្ងៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មានការចែកផ្សាយជូនភ្ញៀវញាតិមិត្តជាពុទ្ធបរិស័ទចូលរួមទាំងអស់ នូវកូនសៀវភៅជីវប្រវត្តិរបស់ឧបាសក ចាន់ ជី ដែលជាសំណេរផ្ទាល់របស់លោកពេលនៅមានព្រះជន្មនៅឡើយ។


ទំព័រដើមនៃកូនសៀវភៅជីវប្រវត្តិឧបាសក ចាន់ ជី ក៏មានអារម្ភកថារបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


«មនុស្សយើងម្នាក់ៗដែលកើតមកក្នុងលោកសន្និវាសនេះ រមែងតែងតែបានឆ្លងកាត់ខ្សែជីវិត និងព្រហ្មលិខិតរៀងៗខ្លួន។


និស្ស័យវាសនាក្នុងគ្រួសារ ដែលមានលោកឪពុក ព្រុំ សុន ជាគ្រូបង្រៀនបឋមសិក្សា បានផ្សាភ្ជាប់រូបខ្ញុំជាមួយឧបាសក ចាន់ ជី ដែលជាគ្រូបង្រៀនបឋមសិក្សានៅជនបទ និងកូនប្រុសរបស់គាត់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា តាំងតែពីពួកយើងស្ថិតនៅក្នុងវ័យជាកុមារភាពនៅឡើយម៉្លេះ។


ឆ្លងកាត់ដំណើរជីវិតដ៏សែនលំបាកបំផុតក្នុងសង្គ្រាម និងក្រោមរបបប្រល័យពូជសាសន៍ កាន់តែបានចងភ្ជាប់យ៉ាងតឹងមិនអាចរបេះបាននូវចំណងនិស្ស័យនេះរវាងលោកឪពុក ព្រុំ សុន និងអ្នកម្តាយ ស៊ុន យុត របស់ខ្ញុំជាមួយលោកឪពុកចិញ្ចឹម ចាន់ ជី និងអ្នកម្តាយចិញ្ចឹម ហង្ស ពិរុណ ក៏ដូចជាគ្រួសារទាំងពីរ ពិសេសគឺក្រោយពេលដែល ចាន់ ស៊ីវ៉ាន់ថា បានរៀបការជាមួយប្អូនស្រីបង្កើតរបស់ខ្ញុំ ព្រុំ ឆោមសាយឿន នៅឆ្នាំ ១៩៧៧។


បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះនៅថ្ងៃ ៧ មករា ១៩៧៩ លោកឪពុក អ្នកម្តាយ ទាំងអស់បានតស៊ូយ៉ាងលំបាកពុះពារដើម្បីជួយជ្រោមជ្រែងកសាងអនាគតសម្រាប់កូនចៅជំនាន់ក្រោយ នៃគ្រួសារទាំងពីរឱ្យបានរស់នៅតាមសម្មាអាជីវោប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ។


ពិតមែនតែឧបាសក ព្រុំ សុន ឧបាសិកា ស៊ុន យុត ឪពុកម្តាយបង្កើតរបស់ខ្ញុំរួមទាំងអ្នកម្តាយចិញ្ចឹម ហង្ស ពិរុណ បានចាកចោលពួកយើងទៅជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១០ មកដល់ការចាកចេញទៅរបស់ប្អូនកំសត់ ចាន់ ស៊ីវ៉ាន់ថា នៅឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ ដែលឧបាសក ចាន់ ជី អ្នកមានគុណចុងក្រោយរបស់ពួកយើងបានលាចាកលោកនេះទៅទៀតក៏ដោយក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រកបដោយសីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ របស់ពួកលោកទាំងអស់ ពិតជាស្ថិតស្ថេរ គង់វង្ស បន្សល់ទុកសម្រាប់កូនចៅ ក្រុមញាតិគ្រួសារ និងសង្គមជាតិតរៀងទៅ។


ខ្ញុំសូមឧទ្ទិសជូនដួងវិញ្ញាណក្ខ័ន្ធរបស់ឧបាសក ព្រុំ សុន ឧបាសក ចាន់ ជី និងគុណូបការៈវិជ្ជាជីវៈគ្រូបង្រៀនបឋមសិក្សារបស់លោកទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១