ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ ដែលរៀបចំតាមប្រព័ន្ធអនឡាញ


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បានសហការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ ស្តីពី ‍«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានសមាសភាពចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី សហភាពអឺរ៉ុប ធនាគារពិភពលោក សិក្ខាកាមជាមន្រ្តីជាន់ខ្ពស់ជំនាន់ទី១ និងជំនាន់ទី២ សរុបប្រមាណ២៩៦នាក់ មកពីក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ព្រុំ សុខា បានវាយតម្លៃខ្ពស់ចំពោះវគ្គនេះដែលបានរៀបចំបានយ៉ាងល្អនិងដំណើរការរលូននិងជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម ការសម្របសម្រួលពីក្រុមការងារក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ព្រមទាំងការចូលរួមរបស់គ្រូឧទេ្ទស និងវាគ្មិនកិត្តិយស ដែលមានជំនាញនិងបទពិសោធន៍ខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គទី១ ក៏ដូចជាផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់តម្រង់ទិសដល់សិក្ខាកាមវគ្គទី២ ដូចខាងក្រោម៖

1. អ្នកដឹកនាំ ជាអ្នកកំណត់ទម្រង់នៃយុទ្ធសាស្រ្តក្នុងការឆ្លើយតបទៅនឹងវិបត្តិដែលកើតឡើងជាយថាហេតុ ដូចនេះអ្នកដឹកនាំត្រូវស្វែងរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពិភាក្សាឱ្យបានស៊ីជម្រៅ និងល្អិតល្អន់ និងរៀបចំជម្រើសឱ្យបានច្រើន។

2. អ្នកដឹកនាំ និងមន្រ្តីសាធារណៈជាន់ខ្ពស់ជាអ្នកបង្កើតនូវបរិយាកាសនៅក្នុងអង្គភាពដែលអាចមានការគាំទ្រនិងជំរុញឱ្យមាននវានុវត្តន៍ពីថ្នាក់ក្រោម ដូចនេះត្រូវជំរុញនិងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈឱ្យមានការចូលរួមពីមន្រ្តីថ្នាក់ក្រោមឱ្យសកម្ម។

3.ទំនាក់ទំនងរវាងអ្នកដឹកនាំនិងមន្រ្តីមុខងារសាធារណៈ មានឥទ្ធិពលលើការបង្កើតឱ្យមាននវានុវត្តន៍ មានន័យថាបើអ្នកដឹកនាំធ្វើឱ្យការិយាធិបតេយ្យដំណើរការរលូន នោះភាពចម្រុះនៃការធ្វើនវានុវត្តន៍របស់មន្រ្តីថ្នាក់ក្រោមនឹងមានការកើនឡើងដែលនាំឱ្យអ្នកដឹកនាំមានភាពងាយស្រួលក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកគាំទ្រកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យបានប្រសើរ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវតែធ្វើនវានុវត្តន៍ក្នុងដំណើរការអង្គភាពរបស់ខ្លួន ដើម្បីរៀនរស់និងធ្វើការតាមគន្លងប្រក្រតីភាពថ្មី ដូចការរៀបចំវគ្គបណ្តុះបណ្តាលតាម អនឡាញនេះ ជាឧទាហរណ៍ជាក់ស្តែងស្រាប់។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនិងគ្រប់គ្រងអំពីការផ្លាស់ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកប ដោយកិច្ចសហការល្អនិងផលិតភាពខ្ពស់។ ជាលទ្ធផលវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជំនាន់ទី១ មានសិក្ខាកាមបញ្ចប់វគ្គសរុបចំនួន១៤៦ នាក់ (ស្រីចំនួន២២នាក់) ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មានឋានៈចាប់ពីអគ្គនាយករង រហូតដល់រដ្ឋលេខាធិការពីក្រសួង-ស្ថាប័នចំនួន២៧។ ដោយឡែក វគ្គបណ្តុះបណ្តាលជំនាន់ទី២ ដែលទើបបើកវគ្គនាពេលនេះ គឺមានសិក្ខាកាមសរុបចំនួនប្រមាណ១៥០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាអគ្គនាយករង រហូតដល់រដ្ឋលេខាធិការតាមក្រសួង-ស្ថាប័ន ព្រមទាំងមានការចូលរួមផងដែរពី អភិបាល ឬអភិបាលរងនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១