សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានធ្វើដំណើរទៅដល់ខេត្តកំពត
ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» ក្រោមអធិបតីដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។
សិក្ខាសាលានេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តកំពត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យនិងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងរាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.។
មាតិកាចំនួន៨ ដែលត្រូវបានបង្ហាញរួមមាន៖ ១)ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ២)ស្ដង់ដាសេវាសាធារណៈ ៣)ស្ដង់ដា ឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ៤)ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអង្គភាព ៥)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាព ៦)ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៧)ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ និងការដោះស្រាយបញ្ហាប្រឈម ៨)ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ និង ៩)វេទិកាសំណួរចម្លើយ៕