ក្រុមការងារស្រុកបាភ្នំប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត


ខេត្តព្រៃវែង៖ ក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានជួបប្រជុំគ្នាដើម្បីធ្វើការត្រួតពិនិត្យការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់ខែមិថុនា។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារស្រុក ប្រធានក្រុមការងារនិងមេឃុំទាំង០៩ ប្រធានភូមិទាំង៣០នៃឃុំធាយនិងឃុំរក្សជ័យ ព្រមទាំងមន្ត្រីរាជការមួយចំនួននៃក្រសួងមុខងារសាធារណៈសរុបទាំងអស់ចំនួន ១៣០នាក់។


ផ្អែកលើរបាយការណ៍និងកិច្ចពិភាក្សាលើសកម្មភាពការងារសម្រេចបានក្នុងខែកន្លងមក និងលើទិសដៅការងារខែបន្ត ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានធ្វើការវាយតម្លៃចំណុចសំខាន់ៗនៃសកម្មភាពការងារដែលសម្រេចបានកន្លងមកជាអាទិ៍៖


១. សកម្មភាពជាប្រចាំរបស់ក្រុមការងារនៅគ្រប់ឃុំក្នុងការចុះជួបសំណេះសំណាលជូនអំណោយប្រជាពលរដ្ឋតាមភូមិដែលជាការផ្សារភ្ជាប់សុខទុក្ខជាក់ស្តែងជាមួយប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករចំណាកស្រុកដែលកំពុងរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ គឺបានរួមចំណែកបង្កើនជំនឿជឿជាក់បន្ថែមទៀតរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅត្រង់ថា ពេលណាពួកគាត់ជួបការលំបាក គឺតែងតែមានវត្តមានរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។


២. ឆ្ឆ្លងតាមសកម្មភាពការងារផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បានជួយឱ្យក្រុមការងារទាំងអស់ស្វែងយល់បាននូវបញ្ហាជាក់ស្តែងដែលកើតមានឡើងនៅតាមសហគមន៍ភូមិជាអាទិ៍៖ វិបត្តិមុខរបរនិងការងារ ការជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងការឃុំគ្រងកុមារនិងយុវជនក្នុងគ្រាដែលសាលារៀនទាំងអស់ត្រូវបិទទ្ធារ។ល។ ដើម្បីក្រុមការងារមានមូលដ្ឋានជួយសម្រាលដោះស្រាយផ្ទាល់នៅនឹងកន្លែង ឬមួយរាយការណ៍ជូនថ្នាក់លើ។


ចំពោះទិសដៅការងារខាងមុខដែលក្រុមការងារត្រូវបន្តធ្វើសកម្មភាពដូចពេលកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមទៀតលើការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន បន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការបង្ការចំពោះយថាហេតុនៃការឆ្លងជំងឺកូវីដ១៩ក្នុងរលកទី២ ពិសេសត្រូវខិតខំទប់ស្កាត់មិនឱ្យមានការឆ្លងចូលក្នុងសហគមន៍។ ទន្ទឹមនោះ កិច្ចការបន្ទាន់ចាំបាច់គឺការរិះរកគ្រប់វិធានការជួយប្រជាជនឱ្យរក្សាបានប្រក្រតីភាពនៃជីវភាព រួមជាមួយការគាំទ្រនានារបស់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាននិងបណ្តាក្រុមការងារដើម្បីជួយសហគមន៍មូលដ្ឋានឱ្យមានលទ្ធភាពពុះពារដោះស្រាយរាល់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩។


ជាមួយគ្នានោះដែរ យើងក៏ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយរបស់មជ្ឈដ្ឋានអគតិដែលញុះញង់បំភ្លៃការពិត ប៉ុនប៉ងបំភាន់សាធារណៈមតិតាមមហិច្ឆតានយោបាយ «ប្រជានិយម» របស់ពួកគេ។