ឯកឧត្តម ហ៊ុន ម៉ានី ដឹកកិច្ចប្រជុំឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលនៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ និងការណែនាំតួនាទី ភារកិច្ចរបស់គណៈមេប្រយោគ និងអនុគណៈកម្មការនានា នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ គណៈមេប្រយោគ និងអនុគណៈកម្មការនានា ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ៣០០នាក់។


ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានាឆ្ពោះទៅកាន់ការប្រឡងរួចមក ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបនឹងវិធានការគន្លឹះជាអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យទទួលបានលទ្ធផលជាផ្លែផ្កាពិតប្រាកដ ជាពិសេសការធ្វើកំណែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ។


សូមបញ្ជាក់ដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព នឹងប្រព្រឹត្តនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១