វគ្គបណ្ដុះបណ្ដាលស្ដីពី “បដិសណ្ឋារកិច្ច” សម្រាប់មន្រ្តីផ្នែកជួរមុខនៃមន្ទីរពេទ្យថ្នាក់ជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “បដិសណ្ឋារកិច្ច”សម្រាប់មន្រ្តីផ្នែកជួរមុខនៃមន្ទីរពេទ្យថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគុន្ធបុប្ផា មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ។ល។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈផ្នែកសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល និងតំណាងមន្ទីរពេទ្យថ្នាក់ជាតិផងដែរ។ វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល និងធនាគារអេស៊ីលីដា ភីអិលស៊ី។