គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ​ និងវិស័យសុខាភិបាល


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាប់ចំណាក់ថ្នាក់លេខ១ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ និងតំណាង-ស្ថាប័ន នៃ គ.វ.ជ.ជាច្រើនរូបទៀត។


កិច្ចចាប់ផ្តើម ឯកឧត្តមប្រចាំការ បានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងតម្រង់ទិសដល់អង្គប្រជុំ ព្រមទាំងមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដល់ក្រុមការងារដែលបានបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលជាផ្លែផ្កានាពេលកន្លងទៅនេះ។ បន្ទាប់មក ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតជូន ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានរាយការណ៍ពីគោលបំណងនៃការរៀបចំករណីសិក្សា ដោយផ្តាតទៅលើចំណុចខ្លាំងរបស់អង្គភាពដែលទទួលបានជ័យជំនះ និងបានកំណត់ការងារសម្រាប់សុំការណែនាំពីអង្គប្រជុំ រួមមាន៖ ១.កំណត់ប្រធានបទ ២.ការរៀបចំក្រុមការងារ(សមាសភាព និងមុខងាររបស់សមាជិកក្រុម) និង ៣.កំណត់អភិក្រម និងផែនការសកម្មភាពការងារ។


ក្រោយពីស្តាប់របាយកាណ៍ និងមតិយោបល់សមាជិកនៃអង្គប្រជុំយ៉ាងផុលផុសដែលជាធាតុចូលយ៉ាងច្រើន រួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានកំណត់និងឯកភាពលើការងារមួយចំនួនរួមមាន៖ ១).បែងចែកសមាសភាពក្រុមការងារសម្រាប់វិស័យអប់រំ ចំនួន៣ ក្រុម ក្នុងការរៀបចំករណីសិក្សាលើអនុវិទ្យាល័យភ្នំយ៉ាតនៃខេត្តប៉ៃលិន បឋមសិក្សាស្វាយជ្រុំនៃខេត្តស្វាយរៀង និងបឋមសិក្សាសម្តេចជាស៊ីមនៃខេត្តបាត់ដំបង ហើយសម្រាប់វិស័យសុខាភិបាល ចំនួន១ ក្រុម ក្នុងការរៀបចំករណីសិក្សាលើមណ្ឌលសុខភាពសំរោងនៃខេត្តពោធិ៍សាត់ ២).ករណីសិក្សាត្រូវរៀបចំបោះពុម្ភជាសៀវភៅ និងកំណត់ឱ្យក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈនៃក្រសួងមុខងារសាធារណៈ ជាអ្នករៀបចំចងក្រងជាវីដេអូ ៣).លេខាធិការដ្ឋានត្រូវធ្វើការទំនាក់ទំនង និងសម្របសម្រួលក្នុងការកំណត់សមាសភាពមានគ្រប់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួម ដោយកំណត់ចំនួនតាមចំនួនដែលមានស្រាប់និងកំណត់ក្របខ័ណ្ឌការងាររបស់ក្រុមការងារនីមួយៗដែលត្រូវសម្រេចឱ្យបានច្បាស់លាស់ និង ៤).លេខាធិការដ្ឋានត្រៀមរៀបចំស្នើសុំគោលការណ៍គម្រោងថវិកាសម្រាប់កិច្ចការងារនេះ។


ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រធានបានជំរុញលើកទឹកចិត្តឱ្យក្រុមការងារពន្លឿនការរៀបចំក្រុមការងារតាមស្មារតីអង្គប្រជុំបានកំណត់ និងត្រូវដឹកនាំកិច្ចការរៀបចំករណីសិក្សានេះ ឱ្យបានរួចរាល់មុនខែកញ្ញា ក្នុងឆ្នាំនេះ និងស្នើឱ្យក្រុមការងារ IT ពិនិត្យសិក្សាលទ្ធភាពរៀបចំបង្កើតវេទិកា (platform) មួយតាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍ ឬឧត្តមានុវត្តន៍ពីអង្គភាពជ័យលាភីទាំង៤ខាងលើ ជូនអង្គភាពសាធារណៈផ្សេងទៀតឱ្យបានទូលាយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១