តបតាមសំណើស្ថានទូតសហភាពអឺរ៉ុប ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។


ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហភាពអឺរ៉ុប ដែលកន្លងមកបានចូលរួមក្នុងដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រគម្រោង និងគាំទ្របច្ចេកទេសផ្សេងៗជាបន្តបន្ទាប់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរយៈពេលជាង៣០ ឆ្នាំមកនេះ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបំណងក្នុងការស្វែងយល់អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត នូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាពិសេសលើវិស័យមុខងារសាធារណៈរួមមាន៖ ការកែទម្រង់ប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការគិតគូរប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធិកម្ម ព្រមទាំងវិធានគន្លឹះ និងគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលខ្លី មធ្យម និងវែង ដូចដែលបានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ និងក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។


ជំនួបក្នុងថ្ងៃនេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើវិស័យមុខងារសាធារណៈ ព្រមទាំងចែករំលែកព័ត៌មាន ស្វែងយល់ពីគ្នាទៅវិញទៅមកលើប្រធានបទផ្សេងៗរួមមាន ការងារវិមជ្ឈការ និងវិសហមជ្ឈការ និងការដឹកនាំវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរផងដែរ។ លើសពីនេះទៀតសោត តាមរយៈជំនួបនេះ នឹងរួមចំណែកដល់ការបើកទូលាយចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងវិស័យមុខងារសាធារណៈ ហើយជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១