ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចែករំលែកវិធីសាស្ត្រទំនើបក្នុងការបង្កើនផលិតភាពក្នុងវិស័យសាធារណៈ នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលសកល
(សិង្ហបុរី)៖ ឯកឧត្តម ឌុច ដារិន្ទ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចូលរួមកិច្ចប្រជុំ កំពូលរដ្ឋាភិបាលសកលឆ្នាំ២០២៤ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយអំពីបញ្ហាសំខាន់ៗក្នុងវិស័យមុខងារសាធារណៈ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការសិង្ហបុរី នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានចូលរួមធ្វើបទបង្ហាញលើប្រធានបទ ស្តីពីការសម្រេចបានបរិវត្តកម្មពិតប្រាកដ៖ វិធីសាស្រ្តទំនើប ក្នុងការបង្កើនផលិតភាពក្នុងវិស័យមុខងារសាធារណៈ។
វេទិការដ្ឋាភិបាលសកល សហការជាមួយរដ្ឋាភិបាលសិង្ហបុរី រៀបចំកិច្ចប្រជុំនេះក្នុងគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើទស្សន:របៀបរបបនៃការដឹកនាំ និងចូលរួមដោះស្រាយបញ្ហារួមដែលបានជួបប្រទះក្នុងវិស័យមុខងារសាធារណៈ នៅជុំវិញពិភពលោក។ នៅក្នុងដំណើរការនៃកិច្ចប្រជុំ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តម Leo Yip ប្រមុខមុខងារសាធារណៈនៃរដ្ឋាភិបាលសិង្ហបុរី និងបានធ្វើបទបង្ហាញ ព្រមទាំងវេទិកាពិភាក្សា ដែលចូលរួមដោយប្រមុខ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមុខងារសាធារណៈមកពីប្រទេសសិង្ហបុរី កម្ពុជា ចក្រភពអង់គ្លេស អូស្រ្ដាលី នូវែលសេឡង់ ហ្គាណា នីហ្សេរីយ៉ា ម៉ាល់តា ហ្វីលីពីន ឥណ្ឌូនេស៊ី កោះកៃម៉ាន អាស៊ែបៃហ្សង់ អេស្តូនីព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យឯកជនផងដែរ។
ជាលទ្ធផល ប្រមុខថ្នាក់ដឹកនាំមុខងារសាធារណៈ នៃបណ្តាប្រទេសខាងលើ បានផ្តល់អនុសាសន៍គន្លឹះសម្រាប់អភិវឌ្ឍវិស័យមុខងារសាធារណៈសកល ប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះរួមមាន៖
១)ការកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំជាមួយនឹងចក្ខុវិស័យច្បាស់លាស់ដែលចែករំលែកដោយប្រធានស្ថាប័ន និងមន្ត្រីជាន់ខ្ពស់
២)ការពង្រឹង និងការបណ្ដុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ និងមានចំណេះដឹងផ្នែកឌីជីថលក្នុងវិស័យមុខងារសាធារណៈ
៣)ការបង្កើនជំនឿទុកចិត្តដោយប្រជាពលរដ្ឋក្នុងស្ថានភាពមិនច្បាស់លាស់
៤)ការបណ្តុះវប្បធម៌សេវាសាធារណៈ ប្រកបដោយភាពរហ័សរហួន ធន់ ហើយផ្តោតលើការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ
៥)ការជំរុញរចនាសម្ព័ន្ធការងារប្រកបដោយការសហការគ្នាដើម្បីសម្រេចគោលដៅរួមរបស់អង្គភាព
៦)ការរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងក្រមសីលធម៌សម្រាប់ការគ្រប់គ្រង បញ្ញាសិប្បនិមិ្មតក្នុងវិស័យមុខងារសាធារណៈ
៧)ការបង្កើនពិពិធកម្ម និងការលើកកម្ពស់គុណាធិបតេយ្យនៃថ្នាក់ដឹកនាំក្នុងវិស័យមុខងារសាធារណៈ
កិច្ចប្រជុំកំពូលរដ្ឋាភិបាលសកលនៅសាធារណរដ្ឋសិង្ហបុរីបានបញ្ចប់ ទៅដោយ ជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គីភាពខ្ពស់៕