ឯកឧត្តម ហ៊ុន ម៉ានី៖ “ការងារកែទម្រង់នៃប្រព័ន្ធរដ្ឋបាលសាធារណៈ យើងមិនមែនត្រឹមតែនិយាយទេ តែយើងត្រូវតែធ្វើ ហើយធ្វើឱ្យចេញជាលទ្ធផល”


នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអគ្គាធិការដ្ឋាន នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ជំនួបនារសៀលនេះ ជាជំនួបលើកទី៤ របស់ឯកឧត្តមរដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្នុងគោលបំណង សំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាការស្តាប់របាយការណ៍ ការចែករំលែកនូវបទពិសោធន៍ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ហើយឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “ការងារកែទម្រង់នៃប្រព័ន្ធរដ្ឋបាលសាធារណៈ យើងមិនមែនត្រឹមតែនិយាយទេ តែយើងត្រូវតែធ្វើ ហើយធ្វើឱ្យចេញជាលទ្ធផល”។


គួរជម្រាបផងដែរថា អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បំពេញមុខងារផ្នែកអធិការកិច្ច ការវាយតម្លៃគុណភាពនៃប្រព័ន្ធមុខងារសាធារណៈ និងការវាយតម្លៃគុណភាពនៃសេវាសាធារណៈ អនុលោមតាមលិខិតបទដ្ឋាន
គតិយុត្តជាធរមាន ដោយត្រូវបំពេញភារកិច្ចពាក់ព័ន្ធនឹង៖


– ការងារត្រួតពិនិត្យ និងអធិការកិច្ចមុខងារសាធារណៈ
– ការត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍមុខងារសាធារណៈ
– ការតាមដាន និងវាយតម្លៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រុមប្រតិបត្តិ
– ការតាមដាន និងវាយតម្លៃអំពីដំណើរការ និងគុណភាពនៃការផ្តល់សេវាសាធារណៈ
– ការចូលរួមក្នុងដំណើរការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ
– ការរៀបចំ និងបូកសរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍អធិការកិច្ចមុខងារសាធារណៈប្រចាំឆ្នាំ
– អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ ឬ អនុរដ្ឋលេខាធិការទទួលបន្ទុក។


អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈមាននាយកដ្ឋាន និងលេខាធិការដ្ឋានចំណុះដូចខាងក្រោម៖ ១- នាយកដ្ឋានវាយតម្លៃនិងអធិការកិច្ចមុខងារសាធារណៈថ្នាក់ជាតិ ២- នាយកដ្ឋានវាយតម្លៃនិងអធិការកិច្ចមុខងារសាធារណៈរាជធានី ខេត្ត ៣- នាយកដ្ឋានវាយតម្លៃនិងអធិការកិច្ចមុខងារសាធារណៈក្រុង ស្រុក និងឃុំ សង្កាត់ និង ៤- លេខាធិការដ្ឋាននៃអគ្គាធិការដ្ឋាន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១