ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមុខងារសាធារណៈ។


លោក Markus Buerli បានសម្តែងការអបសាទរជូនដល់ឯកឧត្តមរដ្ឋមន្ត្រីក្នុងឱកាសទទួលបានតួនាទីថ្មី ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះដំណើរការរៀបចំការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ព្រមទាំងចង់ស្វែងយល់បន្ថែមពីការអនុវត្តក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងវិស័យមុខងារសាធារណៈ។


ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ជូនដល់ប្រតិភូ និងអង្គជំនួប នូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្នូលយុទ្ធសាស្ត្របញ្ចកោណ ហើយបានសង្កត់ធ្ងន់លម្អិតលើការងារអាទិភាព ០៣ដែលក្រសួងមុខងារសាធារណៈត្រូវបំពេញ ដោយមួយក្នុងចំណោមនោះ គឺការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការក្របខណ្ឌ។


សូមរម្លឹកផងដែរថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ឲ្យចូលបម្រើការក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១