អំណោយជាទោចក្រយាន និងសម្ភារៈសិក្សា ត្រូវបានផ្តល់ជូន សិស្សានុសិស្ស ៣៧២នាក់ នៃសាលាបឋមសិក្សា ២កន្លែង នៅស្រុកចិត្របុរី ក្នុងឱកាសបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នាឱកាសប្រារព្វពិធីបើកបវេសនកាលថ្មីឆ្នាំ២០២១ នៅសាលាបឋមសិក្សាល្អ និងត្រពាំងទ្រាំង ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ មានការចែកអំណោយទោចក្រយាន និងសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៣៧២នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៣នាក់។


ពិធីនេះស្ថិតក្រោមអធិបតីរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងអភិបាលរងខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការខេត្ត អភិបាល អភិបាលរងស្រុកចិត្របុរី មន្ត្រីមូលដ្ឋានភូមិ ឃុំ លោកគ្រូ អ្នកគ្រូប្រចាំសាលា និងមាតា បិតាសិស្សជាច្រើនរូបទៀត។


បន្ទាប់ពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ រួចមក លោករដ្ឋមន្ត្រីបានថ្លែងមតិកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានរយៈពេលកន្លងមក ក្នុងការជ្រោមជ្រែងប្រជាពលរដ្ឋជាមាតា បិតាសិស្សក្នុងការពុះពារជំនះបញ្ហាប្រឈមនានា ដើម្បីឱ្យការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សទាំងអស់នៅមូលដ្ឋានដាច់ស្រយាល អាចដំណើរការបានជាប្រក្រតី។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើជូនអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ឆ្លងកាត់ការខិតខំពុះពាររាល់ការលំបាកក្នុងឆ្នាំ២០២០ យើងត្រូវបន្តរួមសាមគ្គីគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សំដៅប្រយុទ្ធប្រឆាំងឱ្យឈ្នះកូវីដ១៩ និងដោះស្រាយបានរាល់ផលវិបាកនៃវិបត្តិកូវីដ១៩ ដើម្បីជម្រុញយ៉ាងរឹងមាំនូវបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងជានិរត្តន៍តរៀងទៅ។