ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ និងផ្តល់បាឋកថាចែករំលែកបទពិសោធន៍ នៃកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល បាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ និងបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ សម្រាប់កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងបានចូលរួមផ្ដល់បាឋកថាចែករំលែកបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ ដល់អង្គពិធីទាំងមូលផងដែរ។។


ពិធីនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៣ និងជំនាន់ទី៤ សរុបអ្នកចូលរួមមានចំនួន៤៣១នាក់។


វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រចំណេះដឹងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនិងការគ្រប់គ្រងការផ្លាស់ប្តូរអង្គភាព និងរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អនិងផលិតភាពខ្ពស់។


សូមបញ្ជាក់ផងដែរថា នាពេលកន្លងមក សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាម៣ជំនាន់រួចមកហើយ ដែលសមាសភាពចូលរួមជាថ្នាក់ដឹកនាំមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល រហូតដល់អភិបាលរាជធានីខេត្តទាំង២៥ សរុបមានចំនួន៤៨៣នាក់ ក្នុងនោះស្រី៧៦នាក់។ ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង។


បច្ចុប្បន្ន សិក្ខាកាមជំនាន់ទី៤ កំពុងទទួលការបណ្ដុះបណ្ដាលមានចំនួន១៨៨នាក់ ក្នុងនោះស្រី៣៦នាក់ មកពីក្រសួង ស្ថាប័នចំនួន២៨ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១