ក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ស្តីពីបសិដ្ឋកម្ម និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ


ដោយមានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេវាសាធារណៈនៃប្រទេសជាសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ២២ រូប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីការរៀបចំគោលនយោបាយ និងឧត្តមានុវត្តន៍នៃការអនុវត្តការកែលម្អ និងនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។


ជាលទ្ធផល ប្រតិភូអាស៊ានបានស្វែងយល់ពីគោលនយោបាយ និងវិធីសាស្រ្តនៃការដឹកនាំ និងអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ដូចជា៖ ១).ការរៀបចំប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ២).ការប្រឡងជ្រើសរើសមន្រ្តី ៣).ប្រព័ន្ធវាយតម្លៃ និងលើកទឹកចិត្តមន្រ្តី ៤).ការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសចិន និងផលជះនៃការផ្តល់សេវាសាធារណៈ ៥).ការអនុវត្តផែនការសកម្មភាពពង្រឹងទំនាក់ទំនងអាស៊ានចិន។ ព្រមទាំងឧទាហរណ៍ជាក់ស្តែងនៃការអនុវត្តការផ្តល់សេវាសាធារណៈក្រោមទិសស្លោក “កសាងដោយប្រជាជនដើម្បីប្រជាជន” ដូចជា៖ ១).ការរៀបចំទីក្រុងឆ្លាតវៃ និងការផ្តល់សេវាគាំទ្របច្ចេកទេសផ្នែកកសិកម្ម ២).ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនផ្លូវដែក និងសុខាភិបាលដោយប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ៣).ការផ្តល់សេវារដ្ឋបាលក្នុងដំបូលតែមួយ និងក្នុងទម្រង់ជាឌីជីថល។


ទស្សនកិច្ចសិក្សានេះ ជាការអនុវត្តសកម្មភាពក្នុងផ្នែកទី២ នៃការអនុវត្តគម្រោងរៀបចំ និងអនុវត្តឯកសារណែនាំអាស៊ាន ស្តីពីការផ្តល់សេវាសាធារណៈ ដឹកនាំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមហិរញ្ញប្បទានថវិកានៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងជាផ្នែកនៃការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ឆ្នាំ២០២១-២០២៥៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១