មន្ត្រីជាន់ខ្ពស់ជាច្រើនរូប បញ្ចប់វគ្គបណ្តុះបណ្តាយនៃភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ នៅសាលាភូមិន្ទរដ្ឋបាល


លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងចែកសញ្ញាបនបត្រនៃសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តំណាងក្រសួងកិច្ចការនារី សាស្ត្រាចារ្យ និងគ្រូបង្គោល ព្រមទាំងសិក្ខាកាមជំនាន់ទី៥ទាំងអស់ សរុបចំនួនប្រមាណ២៥០នាក់។


លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ បានអានសន្ទរកថា និងមតិសំណេះសំណាល របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដល់កម្មវិធីដោយថ្លែងអំណរគុណដល់ធនាគារពិភពលោក សហភាពអឺរ៉ុប និងស្ថានទូតអូស្ត្រាលី ដែលបានសហការជាមួយសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ រៀបចំកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីគាំទ្រនិងអភិវឌ្ឍសមត្ថភាពមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកផ្តួចផ្តើមគន្លឹះនៅក្នុងវិស័យកែទម្រង់សំខាន់ៗនានាក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល។ វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើរទាន់និន្នាការតំបន់ និងសកលលោកដែលមានការវិវត្តឥតឈប់ឈរ និងពិបាកព្យាករណ៍ទុកមុន ដែលទាមទារឱ្យថ្នាក់ដឹកនាំត្រូវមានចំណេះដឹង និងចំណេះធ្វើជាប់ជាប្រចាំ ដើម្បីទទួលពុទ្ធិថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីដឹកនាំអង្គភាព និងក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទូលបានលទ្ធផលល្អ ស្របតាមការវិវត្តន៍សភាពការណ៍ថ្មីៗ ជាពិសេសស្របនឹងគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ បាននាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រី ដល់សិក្ខាកាមទាំងអស់គួរចងចាំថា “អ្នកដឹកនាំ ជាអ្នកកំណត់ទម្រង់នៃយុទ្ធសាស្ត្រក្នុងការឆ្លើយតបវិបត្តិដែលកើតឡើងនានា និងជាអ្នកបង្កើតបរិយាកាសនៅក្នុងអង្គភាពដែលអាចមានការគាំទ្រ ឬមិនគាំទ្រដល់នវានុវត្តន៍ពីថ្នាក់ក្រោម”។


ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោកដែលបានផ្តួចផ្តើមគំនិតរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងសូមអរគុណរដ្ឋាភិបាលអូស្ត្រាលី និងសហភាពអឺរ៉ុប ដែលបានឧបត្ថម្ភគាំទ្រដល់វណ្ណបណ្តុះបណ្តាលនេះ។ លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះសិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៥ ទាំង៩៤រូប ដែលបានទទួលលទ្ធផលជោគជ័យជាស្ថាពរ និងបានលើកទឹកចិត្តដល់សិក្ខាកាមប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវត្តបណ្តុះបណ្តាលនេះឱ្យអស់លទ្ធភាព ដើម្បីដឹកនាំ គ្រប់គ្រងអង្គភាពរបស់ខ្លួន ប្រកបដោយនវានុត្តន៍ និងចូលរួមក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ចុងបញ្ចប់លោកជំទាវ បានប្រកាសបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី៥ ចាប់ពីពេលនេះតទៅ។


សូមរម្លឹកបន្ថែមថា ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក បានរៀបចំការបណ្តុះបណ្តាល ស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ចំនួន០៤វគ្គរួចហើយ។ វគ្គជំនាន់ទី៥នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ កន្លងមក រហូតដល់ខែធ្នូនេះ ដោយមានសិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ ចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ន និងអភិបាលក្រុង ស្រុក ខណ្ឌ រហូតដល់អភិបាលរាជធានី ខេត្តសរុបចំនួន ១៩៧រូប ក្នុងនោះ សិក្ខាកាមដែលបានបញ្ចប់វគ្គ ដោយជោគជ័យមានចំនួន ១៩៤រូប ស្មើនិង ៩៨ %៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១