ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និង ការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម»


(ខេត្តព្រះសីហនុ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និង ការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម» ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ប្រធានអង្គភាព ដោយមានមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល ជាគ្រូឧទ្ទេស មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបអ្នកចូលរួមចំនួន១៥០ នាក់។


មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៖ (១) ការពង្រឹង និងការកែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុង រដ្ឋបាលសាធារណៈ ដ្បិតថាការរៀបចំថវិកា ការអនុវត្តថវិកា និងការត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម មានសារៈសំខាន់ និង ចាំបាច់ចំពោះមុខក្នុងការអនុវត្តរបស់អង្គភាពថវិកានីមួយៗ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺ «គណនេយ្យភាពសមិទ្ធកម្ម»។ លោកជំទាវ អនុរដ្ឋលេខាធិការ បានបន្ថែមដោយថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃនេះ​នឹងក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍មួយ​សម្រាប់ផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងនិងចំណេះធ្វើ។


សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្ដីពី «ការគ្រប់គ្រងថវិកា ការអនុវត្តថវិកា និង ការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្ម» ជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្ដល់ចំណេះដឹងតាមរយៈការពន្យល់អំពីទ្រឹស្ដី និងផ្ដល់ចំណេះដឹងតាមរយៈការអនុវត្តជាឧទាហរណ៍ជាក់ស្ដែង លើខ្លឹមសាររៀបចំថវិកា ការអនុវត្តថវិកា និងត្រួតពិនិត្យតាមដានថវិកាសមិទ្ធកម្មឆ្លើយតប នឹងទិសដៅការងារកែទម្រង់គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនៃក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១