កិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពស្ថានភាពការងារ និងទិសដៅបន្តរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំបានពិភាក្សា និងទទួលជ្រាបពីភាពជាក់ស្តែងនៃស្ថានភាពការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់នាយកដ្ឋាន។
ឯកឧត្តមប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់នៃនាយកដ្ឋានកន្លងមក និងបានណែនាំឱ្យមានការពិនិត្យឡើងវិញក្នុងការរៀបចំនូវផែនការសកម្មភាពការងារនិងការពង្រឹងសមត្ថភាពរបស់នាយកដ្ឋាន ព្រមទាំងបានជំរុញទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងការងារដោយឆន្ទៈ និងផ្នត់គំនិត នៃការរួមគ្នាបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងនិងរាជរដ្ឋាភិបាល៕