ក្រុមការងារអ្នកជំនាញការ​ធនាគារពិភពលោក ជួបសំដែងការគួរសមចំពោះ​រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​​ ដើម្បី​ពិភាក្សា​ការងារ


(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រុមការងារអ្នកជំនាញការធនាគារពិភពលោក ដឹកនាំដោយ លោក Serdar Yilmaz អ្នកជំនាញធនាគារពិភពលោក បានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពិភាក្សាការងារ។


បន្ទាប់ពី លោក Serdar Yilmaz បានបង្ហាញពីគោលបំណងនៃជំនួប ដើម្បីសិក្សាស្វែងយល់ទិដ្ឋភាពទូទៅនៃប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីរាជការ (HRMIS) ដើម្បីកសាងផែនទីបង្ហាញផ្លូវ (Roadmap) រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្នុងនាមក្រសួងមុខងារសាធារណៈ ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកក្នុងរយៈពេលកន្លងមក និងបានអនុញ្ញាតជូនក្រុមអ្នកជំនាញការធនាគារពិភពលោក និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ បន្តពិភាក្សាជាមួយគ្នាលើកិច្ចការងារនេះ។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារជំនាញការធនាគារពិភពលោក និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ត្រូវសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិទាំងឡាយអាចសម្រេចបានសមិទ្ធផលជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការចាំបាច់របស់ក្រសួង និងស្ថានភាពនៅកម្ពុជា។ ចំពោះការសហការកសាងផែនទីបង្ហាញផ្លូវខាងលើនេះ គឺមិនប៉ះពាល់ដល់ភាពជាម្ចាស់របស់ក្រសួងមុខងារសាធារណៈ លើការគ្រប់គ្រង ការកសាង និងការអភិវឌ្ឍន៍ផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ប្រព័ន្ធព័ត៌មានគ្រប់គ្រងមន្ត្រីរាជការ (HRMIS) នោះឡើយ។


ចុងបញ្ចប់នៃជំនួបនេះ ទាំង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទាំងលោក Serdar Yilmaz ក៏ដូចក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា សុទ្ធតែបានសំដែងនូវជំនឿយ៉ាងមុតមាំថាភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១