ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូកម្ពុជានៅប្រទេសអាហ្សែបែហ្សង់
Baku៖ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងកិច្ចសហការរបស់ GIZ ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅធ្វើទស្សនកិច្ចសិក្សាលើវិស័យមុខងារសាធារណៈ នៅគណៈកម្មាធិការមុខងារសាធារណៈប្រទេសអាហ្សែបែហ្សង់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ។ គោលដៅនៃទស្សនកិច្ចនេះគឺ ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា ក្នុងរដ្ឋបាលសាធារណៈ ជាពិសេសគឺការស្វែងយល់អំពីការរៀបចំប្រឡងចូលក្របខណ្ឌរដ្ឋដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា(ប្រឡងតាមកុំព្យូរទ័រ)។ ប្រព័ន្ធព័ត៌មានវិទ្យាដែលរៀបចំដោយអាហ្សែបែហ្សង់នេះ អាចផ្តល់លទ្ធភាពឲ្យបេក្ខជនអាចដាក់ពាក្យOnline និងទទួលប្រឡងបាន២,០៣២នាក់ក្នុងមួយថ្ងៃ នាំឲ្យចំណេញពេលវេលានិងថវិកា ព្រមទាំងអាចលុបបំបាត់អំពើពុករលួយផងដែរ។
សមាសភាពគណៈប្រតិភូកម្ពុជារួមមាន៖ ថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជននិងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងGIZ សរុបចំនួន៩នាក់។