កិច្ចប្រជុំអន្តរក្រសួងបន្តពិនិត្យនិងពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការពារជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់ក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៥០នាក់។

កិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើមតិស្វាគមន៍ និងបង្ហាញពីសាវតា និងគោលបំណងក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការធ្វើសមាហរណកម្ម និងការដំឡើងរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ឯកឧត្តមប្រធាន បានអនុញ្ញាតឱ្យ តំណាងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ធ្វើបទបង្ហាញសង្ខេបពីសេចក្តីព្រាងអនុក្រឹត្យ ព្រមទាំងដាក់ជូនអង្គប្រជុំពិភាក្សា និងលើកនូវមតិយោបល់ ព្រមទាំងបញ្ហាផ្សេងៗទៅតាមតំណាងក្រសួង-ស្ថាប័ន បានជួបនៅពេលបំពេញការងារជាក់ស្តែង។

ក្រោយពីតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានពិភាក្សា និងកំណត់បញ្ហាផ្សេងៗ ព្រមទាំងលើកនូវមតិយោបល់ជាធាតុចូលយ៉ាងច្រើនរួចមក ឯកឧត្តមប្រធាន ក៏ដូចជាអង្គប្រជុំ បានឯកភាពលើការងារមួយចំនួន៖ ១.ក្រុមការងារបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ត្រូវពិនិត្យឡើងវិញលើគម្លាតប្រាក់សោធននិវត្តន៍ឆ្នាំ២០១៥ និងចន្លោះឆ្នាំ២០១៥ ទៅ ២០១៩ ដោយគណនាតួលេខជាក់ស្តែង ២.កំណត់យកមូលដ្ឋានឆ្នាំ២០២៣ ជាគោលការណ៍ក្នុងការធ្វើសមាហរណកម្ម ៣.ក្រុមការងារបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ត្រូវពិនិត្យឡើងវិញក្នុងការតម្លើងប្រាក់សោធននិវត្តន៍ឆ្នាំ២០២៤ ឱ្យត្រូវនឹងគ្រោងថវិកាឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល។

ចុងបញ្ចប់ឯកឧត្តមប្រធាន បានជំរុញឱ្យក្រុមការងារក្រសួងទាំងបី(ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា) បន្តពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យនេះ ក្នុងក្រុមការងារបន្ថែមទៀតតាមរយៈអនឡាញ(ក្រុមតេឡេក្រាម) មុនពេលកិច្ចប្រជុំសម្រេចលើកក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១