កិច្ចប្រជុំពាក់ព័ន្ធទៅនឹងការកំណត់ទំហំទិន្នន័យ ឈ្មោះមន្រ្តីរាជការ ឈ្មោះអង្គភាព ដែលមានការិយាល័យជំនាញក្នុងមុខតំណែងរចនាសម្ព័ន្ធគ្រប់គ្រង ចំណុះឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការកំណត់ទំហំទិន្នន័យ ឈ្មោះមន្រ្តីរាជការ ឈ្មោះអង្គភាព ដែលមានការិយាល័យជំនាញក្នុងមុខតំណែងរចនាសម្ព័ន្ធគ្រប់គ្រង ចំណុះឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះមានគោលបំណង រៀបចំធ្វើបច្ចុប្បន្នភាពប្រមូលរៀបចំទិន្នន័យឱ្យច្បាស់លាស់និងចំគោលដៅទៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗរបស់រាជធានី ខេត្ត នូវឈ្មោះមន្រ្តីរាជការ ឈ្មោះអង្គភាព ដែលមានការិយាល័យជំនាញទាំងអស់ក្នុងមុខតំណែងរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ ដែលកំពុងបម្រើការងារនៅតាមក្រុង ស្រុក ខណ្ឌ នីមួយៗ ជាខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការត្រៀមរៀបចំធ្វើសមាហរណកម្មអង្គភាព ការិយាល័យ និងមន្រ្តីឱ្យស្ថិតនៅក្នុងរដ្ឋបាលឯកភាព ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការអនុវត្តអនុក្រឹត្យមួយចំនួនដែលនឹងចូលជាធរមាននាពេលខាងមុខ រួមមាន៖

  • អនុក្រឹត្យស្តីពី «មុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុង»
  • អនុក្រឹត្យស្តីពី «មុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុក»
  • អនុក្រឹត្យស្តីពី «មុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ»
  • អនុក្រឹត្យស្តីពី «ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត» ។

កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារកែទម្រង់ពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរមុខងារសាធារណៈ ព្រមទាំងប្រធានការិយាល័យជំនាញទទួលបន្ទុកបុគ្គលិក ប្រធានការិយាល័យជំនាញទទួលបន្ទុកក្របខណ្ឌ ទាំង២៥ រាជធានី ខេត្ត ដែលមានចំនួនសរុប ១៨៧ នាក់ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១