ពិធីបើកវគ្គបណ្តុះបណ្តាលនិងដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធគ្រប់គ្រងចរន្តឯកសារនៅក្នុងក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនិងដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធគ្រប់គ្រងចរន្តឯកសារនៅក្នុងក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួង សរុបចំនួនប្រមាណ ១០០នាក់ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល និង ផ្សព្វផ្សាយព័ត៌មានអំពីការវិវត្តថ្មីមួយនៅក្នុងក្រសួងមុខងារសាធារណៈ ពីការកត់ត្រានិងតាមដានចរាចរលិខិតដោយដៃមកការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងចរាចរលិខិតនៅក្នុងក្រសួងមុខងារសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។