ឯកឧត្តម​រដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅខេត្តក្រចេះ


(ក្រចេះ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យក្រចេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់លោក លោកស្រី ជានាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សានៅក្នុងខេត្តក្រចេះ ។


បន្ទាប់ពីមតិស្វាគមន៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះរួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំលើមាតិកាសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។


ឯកឧត្តមរដ្ឋមន្ត្រីដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានលើកឡើងថា មនុស្សគ្រប់រូបមិនអាចខ្វះភាពជាអ្នកដឹកនាំ (Leadership)បានទេ ព្រោះភាពជាអ្នកដឹកនាំជាសិល្បៈនៃការគិត និងការសម្រេច ដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស មិនថាមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ កម្មករ កសិករ សិស្ស និសិ្សត ឬប្រជាពលរដ្ឋនោះទេ ដើម្បីដឹកនាំជីវិតជំនះការលំបាក និងឧបសគ្គរៀងៗខ្លួន។


តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ដោយលើកឡើងពីករណីសិក្សាមួយចំនួនក្នុងពិភពលោកជុំវិញភាពជាអ្នកដឹកនាំ ជាពិសេសករណីសិក្សាក្នុងប្រទេសកម្ពុជា គឺភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយនវានុវត្តន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម រួចចាកពីការបែកបាក់ជាតិ រក្សាស្ថិរភាពនយោបាយ នាំសង្គមជាតិកម្ពុជាមកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពនាពេលបច្ចុប្បន្ននេះ។


ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ ខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ការបំពេញតួនាទីយ៉ាងល្អក្នុងឋានៈជាប្រធានអាស៊ាននាំឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដ៏ធំអស្ចារ្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពយ៉ាងជាក់ស្តែងចេញពីផ្លែផ្កានៃការកែទម្រង់ប្រកបដោយនវានុវត្តន៍របស់កម្ពុជាពិតប្រាកដ។


សូមជម្រាបជូនថា នេះជាបាឋកថាលើកទី១៦ឯកឧត្តមរដ្ឋមន្រ្តីហើយសម្រាប់ឆ្នាំ២០២៣នេះ ឯកឧត្តមបានចែករំលែកចំណេះដឹងរបស់លោកជូនដល់មន្រ្តីរាជការ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត នៅតាមសាកលវិទ្យាល័យនានាចំនួនប្រមាណជាង៧០០០ អង្គ/នាក់រួចមកហើយ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១