ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ពាំនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនដល់ព្រះសង្ឃនៅទូទាំងក្រុងក្រចេះ


ក្រុងក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១ ប្រតិបត្តិតាមគន្លងប្រពៃណី នៃព្រះពុទ្ធសាសនា នៅវត្តបទុមរង្សី ហៅវត្តក្រគរ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អមដំណើរដោយ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យកសាង ដល់ព្រះសង្ឃគង់ចាំព្រះវស្សា តាមបណ្តាវត្តទាំង ១២ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ។


ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សនេះ ឯកឧត្តមប្រធានក្រុមការងារ បានទូល និងជម្រាបជូន ព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រុមការងារចុះជួយខេត្ត និងរដ្ឋបាលខេត្ត ក្នុងការជួយដល់ជីវភាពរស់នៅរបស់ប្រជាជន និងព្រះសង្ឃទាំងអស់ មិនអោយដាច់ស្បៀងនោះទេ។ ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្រុមការងារនៅតែបន្តចុះជាប់នៅមូលដ្ឋាន ដើម្បីធានានូវប្រក្រតីភាពការផ្តល់សេវាសាធារណៈនានាជូនប្រជាជន។ ដោយឡែក ប្រជាពលរដ្ឋ នៅគ្រប់ទិសទី នៅតែអាចបន្តធ្វើបុណ្យ និងប្រតិបត្តិនូវប្រពៃណី នៃព្រះពុទ្ធសាសនា ជាធម្មតា។


ឯកឧត្តមប្រធានក៏បានបន្តទៀតថា តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជានឹងអាចវិលត្រឡប់ទៅកាន់ប្រក្រតីភាព ភាពសំបូរសប្បាយឡើងវិញ ហើយឯកឧត្តម បានចាត់ទុកថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាដំណាក់កាលនេះ គឺជាការកសាងនូវបុណ្យកុសលដ៏ធំធេងណាស់ ជូនមនុស្សជាតិ ដែលអាចជួយរក្សាអោយបាននូវសុខភាព និងអាយុជីវិតដ៏មានតម្លៃ។ ជាចុងក្រោយ ឯកឧត្តម ក៏បានអំពាវនាវ ដល់ព្រះសង្ឃគ្រប់អង្គ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសមរភូមិកូវីដ ១៩ និងសូមចូលរួមជាមួយវិធានការរបស់សុខាភិបាល អោយបានគ្រប់ៗគ្នា។


ទេយ្យវត្ថុដែលបានប្រគេនជូនវត្តទាំង ១២ រួមមានក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម មី ១កេះធំ ត្រីខ ១កេះធំ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អំបិល ២គីឡូវក្រាម ស្ករស ២គីឡូក្រាម តែបៃតង ៥កេះ ទឹកបរិសុទ្ធ ៥កេះ ខ្ទឹមស ១គីឡូក្រាម សាប៊ូម្សៅ ១កញ្ចប់ ទឹកដោះគោខាប់ ១កំប៉ុង តែ ១កញ្ចប់ ស្លាជក់ ១កញ្ចប់ ច្រាសដុសធ្មេញ ១ឈុត ម៉ាស ៣ប្រអប់ ប្រេងម៉ាសូត ២០លីត្រ និងបច្ច័យសម្រាប់កសាង ១លានរៀល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១