កិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារ និងត្រួតពិនិត្យទីលានវិញ្ញាសាអនុវត្តន៍កីឡា នៃការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា


នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡងវិញ្ញាសារអនុវត្តន៍កីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារ និងត្រួតពិនិត្យទីលានវិញ្ញាសាអនុវត្តន៍កីឡា នៃការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងមុខងារសាធារណៈ ដែលជាប្រធាននិងអនុប្រធានអនុគណកម្មការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។


កិច្ចចាប់ផ្តើម ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា៖ ការរៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមក្នុងន័យកែសម្រួលចំណុចខ្វះខាត ដើម្បីឱ្យការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាពេលខាងមុខ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី «ចេះ គឺជាប់»។


បន្ទាប់មក ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការ និងលោក អៀង គីមលាង ប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញណែនាំ និងផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗ ដោយបង្ហាញពីរំហូរការងារ នីតិវិធីនៃដំណើរការប្រឡងវិញ្ញាសាប្រឡងអនុវត្តន៍កីឡា និងការងារផ្សងៗ ព្រមទាំងបានណែនាំអំពីបទប្បញ្ញត្តិដល់អ្នកអង្កេតការណ៍ ក្នុងគោលបំណង ដើម្បីឱ្យក្រុមការងារម្នាក់ៗបានយល់ច្បាស់ពីនីតិវិធី បទប្បញ្ញត្តិ តួនាទីភារកិច្ច ទំនួសខុសត្រូវ និងការហាមឃាត់នានា ក្នុងដំណើរការប្រឡងវិញ្ញាសាអនុវត្តន៍កីឡាតាមដំណាក់កាលនីមួយៗ។


អង្គប្រជុំបានដាក់វេទិកាចូលរួមជាសំនួរ និងមតិយោបល់ ព្រមទាំងលើកនូវបញ្ហាមួយចំនួនដែលអាចនឹងជួបប្រទះនាប្រឡងប្រជែងជាក់ស្តែង សម្រាប់ជាធាតុចូលក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ អង្គប្រជុំដែមានសមាសភាពជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនីមួយ បានចុះត្រួតពិនិត្យទីលានវិញ្ញាសាអនុវត្តន៍កីឡា និង សម្ភារគាំទ្រសម្រាប់វិញ្ញាសាកីឡានៅតាមទីលាននីមួយៗដោយផ្ទាល់។


សូមបញ្ចាក់ថា៖ ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ បានទទួលបេក្ខភាពចុះឈ្មោះ និងបំពេញឯកសារគ្រប់គ្រាន់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ១,៨៩២នាក់ (ស្រី ៥៧៩នាក់) រួមមាន៖ កម្រិត ១២+៤ ចំនួន ៤៤៣នាក់ និងកម្រិត ១២+២ ចំនួន ១,៤៤៩នាក់។ កាលបរិច្ឆេទនៃដំណើរការវិញ្ញាសាសរសេរ(វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស) ចាប់ផ្តើមនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងការប្រឡងវិញ្ញាសាអនុវត្តន៍កីឡា(ចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន) ចាប់ផ្តើមពីថ្ងៃទី២៩ រសៀលតទៅ (រយៈពេល ៨ថ្ងៃ) នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា តាមតារាងកាលបរិច្ឆេទនៃការប្រឡង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១