ជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយនឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីសំដៅកសាងសហគមន៍ជោគវាសនារួម

រាជធានីភ្នំពេញ៖ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន។ មកដល់បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈមនឹងវិបត្តិសកលនៃកូវីដ១៩ ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងលើកកម្ពស់បន្ថែមទៀត សំដៅសម្រេចគោលដៅកសាងឱ្យបានសហគមន៍ជោគវាសនារួម។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសម្តែងនូវការឯកភាពទាំងស្រុងលើការវាយតម្លៃរបស់ភាគីចិនចំពោះសន្ទុះដ៏ខ្លាំងក្លានៃទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការទូត ដែលបានឈានដល់កម្រិតមួយថ្មីទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនឹងត្រូវបានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ។


ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះផងដែរ ភាគីទាំងពីរក៏បានឯកភាពខ្ពស់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ពិសេសលើការកសាងអភិវឌ្ឍសមត្ថភាពធនធានមនុស្សដែលជាមន្ត្រីរាជការបម្រើការងាររដ្ឋបាលសាធារណៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានសន្យាថានឹងគាំទ្រ ពេញលេញដល់ការអនុវត្តនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១