សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី “ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងគុណផលនៅការិយាល័យច្រកចេញចូលតែមួយនៅស្រុកមោងឬស្សី និងក្រុងបាត់ដំបង”


ខេត្តកែប៖​ នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី “ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងគុណផលនៅការិយាល័យច្រកចេញចូលតែមួយនៅស្រុកមោងឬស្សី និងក្រុងបាត់ដំបង” ក្រោមអធិបតីភាពដោយ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ​សិក្ខាសាលានេះរៀបចំឡើងដោយមានកិច្ចសហការជាមួយ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអង្គការកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ (GIZ)។
សិក្ខាសាលាឆ្លុះបញ្ចាំងនេះរៀបចំឡើងក្នុងគោលបំណង៖
1. ប្រមូលនិងចងក្រងធាតុចូល បទពិសោធន៍ កត្តាប្រឈម មេរៀន និងអនុសាសន៍នានាពីការអនុវត្តជាក់ស្តែងនៃប្រព័ន្ធគ្រប់​គ្រងគុណផលនៅក្នុងការិយា​ល័យច្រក​ចេញ​ចូលតែមួយទាំងពីរ។
2. ផ្តល់យោបល់ និងអនុសាសន៍សម្រាប់កែសម្រួល​ឬរៀបចំបទដ្ឋាន​នានាដើម្បីគាំទ្រដល់ការអនុវត្តប្រព័ន្ធគ្រប់​គ្រងគុណផលឱ្យកាន់តែមានប្រសិទ្ធភាព។
សិក្ខាសាលានេះ​ មានការចូលរួម​ ពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពីក្រសួង និងមន្ទីរ មុខងារសាធារណៈ តំណាងក្រសួងមហាផ្ទៃ តំណាងក្រុមការងារវិមជ្ឈការនិងវិសហមជ្ឈការ អភិបាលរងទទួលបន្ទុកការិយាល័យ​ច្រក​ចេញចូលតែមួយនៃក្រុងបាត់​ដំបង និងស្រុកមោងឬស្សី មន្ត្រីការិយាល័យច្រកចេញចូលតែមួយ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាន EU/DAR ប្រចាំខេត្តបាត់ដំបង ទីប្រឹក្សាថ្នាក់ជាតិគម្រោង EU/DAR សរុបចំនួន៣៥រូប ស្រី០៦រូប ។