ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ អនុគណៈកម្មការមេប្រយោគ កំពុងតែមមាញឹកក្នុងការតាក់តែងវិញ្ញាសា ដោយសម្ងាត់ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នេះជាការអនុវត្តអនុលោមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលជាការរៀបចំតាក់តែងវិញ្ញាសា នាពេលព្រឹក ហើយយកទៅប្រឡងនាពេលរសៀល។ កិច្ចតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងសម្រាប់ពេលរសៀលនេះរួមមាន៖១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបថា បេក្ខជនត្រូវមកដល់មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡងពោលគឺ ម៉ោង១១:៣០នាទី ព្រមទាំងភ្ជាប់មកជាមួយនូវ៖ ១-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ២-ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។


បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ (ទូរស័ព្ទ នាឡិកាឆ្លាតវៃ…) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត។ គណៈកម្មការក៏នឹងមិនមានការទទួលរក្សាទុកសម្ភារៈទាំងនោះទេ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១