រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យស្នាដៃផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


ខេត្តសៀមរាប៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមដំណើរដោយមន្ត្រីរាជការនៃអង្គភាពវាយតម្លៃការផ្តល់សេវាសាធារណៈ បានចុះពិនិត្យស្នាដៃការងាររបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ការចុះពិនិត្យស្នាដៃការងារ របស់មន្ទីពេទ្យខេត្តសៀមរាបនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។


បន្ទាប់ពីរបាយការណ៍សង្ខេបរបស់ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យ និងមតិស្វាគមន៍របស់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការល្អប្រសើររវាងរដ្ឋបាលខេត្ត ជាមួយមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋពិសេសគឺការ ថែទាំ និងព្យាបាលអ្នកដែលបានឆ្លងអ្នកជំងឺកូវីដ១៩។


ជាក់ស្តែងក្រុមគ្រូពេទ្យ ជាបុគ្គលិកសុខាភិបាលជួរមុខនៃមន្ទីរពេទ្យបានពិនិត្យធ្វើចត្តាឡីស័កអ្នកសង្ស័យឆ្លងមេរោគកូវីដ១៩ ចំនួន៣៧៩នាក់ និងបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៧នាក់ (០២នាក់ ជាជនជាតិឥណ្ឌូនេស៊ី) ឱ្យបានជាសះស្បើយជាស្ថាពរទាំងអស់គ្នា។


ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ការបន្តពង្រឹងកិច្ចសហការ ល្អប្រសើរបន្ថែមទៀត រវាងរដ្ឋបាលខេត្ត អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យ ដើម្បីពង្រីកលទ្ធផលទទួលបានកន្លងមកក្នុងការបង្ការទប់ស្កាត់ ពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ពិសេសគឺត្រូវធ្វើយ៉ាងណាដើម្បីការពារសុខភាពសាធារណៈបញ្ជៀសឱ្យបាននូវ លទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រលកទី២ចូលក្នុងសហគមន៍។


ទន្ទឹមនោះ ត្រូវខិតខំពង្រឹងកម្លាំងសាមគ្គីប្រជាជន រួមគ្នាប្រយុទ្ធប្រឆាំងឱ្យឈ្នះជំងឺកូវីដ១៩ និងពុះពាររាល់ការលំបាកដើម្បីដោះស្រាយ គ្រប់បញ្ហាប្រឈមដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ រួមចំណែកធ្វើឱ្យសង្គមជាតិយើងមានប្រក្រតីភាពជាធម្មតា ឡើងវិញឆាប់រហ័ស សំដៅរក្សាការពារ សុខសន្តិភាព និងការអភិវឌ្ឍជារៀងដរាប។