ទស្សនកិច្ចសិក្សាក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ


ទីក្រុងសឹង្ហបុរី៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សហការជាមួយមូលនិធិ TEMASEK Foundation International អនុវត្តដោយសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការសឹង្ហបុរី បានរៀបចំទស្សនកិច្ចសិក្សាមួយទៅប្រទេសសឹង្ហបុរី រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង អគ្គាធិការ និងអភិបាល នៃគណៈអភិបាលរាជធានី ខេត្តសរុបចំនួន ២៣រូប ។ មន្ត្រីជាន់ខ្ពស់ទាំង ២៣ រូបនេះ គឺជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តគម្រោងចំនួន ៥ គឺ៖
១-បង្កើនសេវាសម្រាប់អ្នកទស្សនាសារមន្ទីរជាតិ
២-បង្កើនការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ ថ្នាក់ខេត្ត
៣-ការស្នើសុំបិទនិងបើកការដ្ឋានសាងសង់តាមប្រព័ន្ធពត៌មានវិទ្យា
៤-ប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រងប្រជាជន
៥-ពង្រឹងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព

គោលបំណងនៃទស្សនកិច្ចសិក្សានេះ ផ្តល់ឱកាសដល់សិក្ខាកាមបានទៅឃើញផ្ទាល់ និងបានសិក្សាស្វែងយល់បន្ថែមពីបទពិសោធន៍ក្នុងការអនុវត្តការផ្តល់សេវាសាធារណៈរបស់ស្ថាប័នមួយចំនួនរបស់ប្រទេសសឹង្ហបុរី ដែលមានដូចខាងក្រោម៖
១-ទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលសេវាសាធារណៈ Tampines Hub (Tampinese Hub Public Service Center)៖ សិក្ខាកាមបានសិក្សាស្វែងយល់អំពី របៀបនៃការធ្វើការរួមគ្នារវាងស្ថាប័នជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលយកសេវា។
២-ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន CrimonLogic៖ ស្វែងយល់ពីការផ្លាស់ប្តូរពីរដ្ឋាភិបាលអេឡិចត្រូនិច ទៅជារដ្ឋាភិបាលឆ្លាតវៃ (Digital Government Transformation towards a Smart Nation)
៣-ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិនៃប្រទេសសឹង្ហបូរី (Singapore National Museum)
៤-ទស្សនកិច្ចសិក្សានៅអាជ្ញាធរអន្តោប្រវេសន្តន៍ និងកន្លែងត្រួតពិនិត្យ(Immigration and Checkpoint Authority)
៥-ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសុខភាពសឹង្ហបូរី (Sing Health’s Polyclinic)
៦-ទស្សនកិច្ចសិក្សានៅក្រសួងអភិវឌ្ឍន៍ជាតិសឹង្ហបូរី (Ministry of National Development)
៧-ទស្សនកិច្ចសិក្សានៅអាជ្ញាធរសំណង់ និងការសាងសង់ (Building and Construction Authority)

គម្រោងនីមួយៗខាងលើ មានសមាសភាពចូលរួមចំរុះ ក្រសួងស្ថាប័ន និងរាជធានី ខេត្ត ដែលយន្តការដ៏ល្អមួយ ក្នុងការប្រមូលផ្តុំក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអង្គុយពិភាក្សាគ្នា ស្វែងរកដំណោះស្រាយរួម និងរៀបចំជាគម្រោងកែលម្អការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការសឹង្ហបូរី នឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគម្រោងខាងលើបន្តទៀត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១